Date: 2/29/2​016

 

អត្ថបទចម្លែក

 

ប្រព័ន្ធនៃចិត្ដ? 

ព្រះទ្រង់បង្កើតរបស់ទាំងអស់លើផែនដីដោយឱ្យមានជីវិត ព្រោះទ្រង់ជាជីវិត ប៉ុន្ដែជីវិតដែលពិបាកយល់ ជាងគេបំផុតនោះ គឺជីវិតមនុស្ស ព្រោះទ្រង់បង្កើតមនុស្ស ឱ្យដូចជាអង្គទ្រង់។ ក្នុងខ្លួនមនុស្សមា្នក់ៗ បានចែកចេញជាច្រើនផ្នែក ប៉ុន្ដែផ្នែកដែលធំហើយសំខាន់មានបី៖ ១-សរីរាង្គកាយ, ២-ចិត្ដ(រួមទាំងវិញ្ញាណ) នឹងទី៣គឺ ព្រលឹង។  

ក្នុងវិជ្ជាពេទ្យ មនុស្សអាចសិក្សា យល់ពីសរីរាង្គកាយមនុស្ស បានច្រើនសព្វថ្ងៃនេះ។  ចំណែកឯចិត្ដរបស់មនុស្សវិញ ជារបស់ដែលមានពិត តែមើលមិនឃើញ ហើយក៏មិនយល់បានផង។ មនុស្សមិនអាច ធ្វើការសិក្សា ស្រាវជ្រៀវ ឱ្យបានយល់ ច្បាស់លាស់បានទេ យើងបានត្រឹមតែកត់សម្គាល់ អំពីដំណាក់ការ នឹងការដែលបានកើតឡើងខ្លះៗប៉ុណ្ណោះ គឺសូម្បីតែចិត្ដរបស់ខ្លួនផ្ទាល់ ក៏មិនអាចយល់បានដែរ។ ឧទាហរណ៍៖ គ្រិស្ទានទាំងអស់ បានដឹងថាការផិតក្បត់ ជាការខុសនឹងសីលធម៌ ខុសនឹងប្រពន្ធរបស់ខ្ឡួន ខុសនឹងព្រះ ដែលជាព្រះអម្ចាស់របស់ខ្លួន តែចិត្ដនោះនៅតែ ជម្រុញឱ្យប្រព្រឹត្ដ អំពើដ៏អាក្រក់លាមកនោះ បានដែរក្នុងករណីយ៍ខ្លះ ម៉េចបានជាអញ្ចឹង? តើអ្វីទៅជាចិត្ដ? ក្នុងករណីយ៍នេះ មនុស្សបានគោរព ស្ដាប់បង្គាប់ចិត្ដរបស់ខ្លួន លើសពីព្រះទៅទៀត? ហេតុដូចម្ដេចបានជា ព្រះបង្កើតចិត្ដមនុស្ស ឱ្យធំជាងទ្រង់ដូច្នេះ? (ទ្រង់ឱ្យសេរីភាពក្នុងការជ្រើស ដល់មនុស្ស)។ អ្នកប្រព្រឹត្ដក៏មិនយល់ អ្នកក្រៅក៏មិនយល់អំពីចិត្ដនេះទេ។ ចំណែកឯព្រលឹងវិញនោះ មនុស្សរឹតតែមិនឃើញ មិនស្គាល់សោះតែម្ដង មនុស្សខ្លះមិនទាំងដឹងថា ខ្លួនមានព្រលឹងផង អ្នកខ្លះគ្រាន់តែឮតៗ ពីអ្នកដទៃ ដោយស្មានប៉ុណ្ណោះ។ 

នៅពេលនេះ ខ្ញុំសូមលើកពន្យល់ បន្ដិចអំពីប្រព័ន្ធ នៃចិត្ដមនុស្សថា តើវាមានដំណាក់ការយ៉ាងណា នឹងទំនាក់ទំនង ទៅនឹងព្រលឹងដូចម្ដេច។ មុនដំបូង គឺទី១មានវីញ្ញាណ គឺ វិញ្ញាណទាំង៥ សំរាប់ទទួល សភាពការខាងក្រៅ  របស់រូបកាយ ទី២គឺអារម្មណ៍ ដែលទទួលសញ្ញា ពីវិញ្ញាណមក ទី៣ គឺគំនិត ជាអ្នកលើកយក ចំណេះចេះដឹង, ការចងចាំ, ការពិសោធន៍ ចូលមកដើម្បីត្រិះរិះ, លើកហេតុផល, ពិចារណា, ពិភាក្សា រកខុសត្រូវ ចំណេញឬខាត ទើបទី៤ គឺឆន្ទៈ ជាអ្នកវិនិច្ឆ័យសម្រេច ទើបចិត្ដទាំងមូលចាប់ផ្ដើមអនុវត្ដន៍ ធ្វើសកម្មភាព គឺបញ្ជាទៅអវយវៈ តាមមុខងាររបស់វា។ ដំណើរនឹងដំណាក់ការ របស់ចិត្ដអាចឆាប់ឬយូរ យោលទៅតាមបញ្ហា នឹងចរិកប្រចាំចិត្ដ របស់មនុស្សមា្នក់ៗ។ ដើម្បីឱ្យបានឃើញជារូបភាពខ្លះៗ នឹងបានយល់ច្បាស់ជាងនេះ ខ្ញុំសូមលើកឧទាហរណ៍ និយាយអំពីបុរសគ្រិស្ទាន្ដមា្នក់ បានក្រឡេកឃើញស្ដ្រីមា្នក់។ មុនដំបូង នៅពេលភ្នែក ជាកញ្ចក់នៃរូបកាយ បានទទួលស្រមោលស្រី្ដ ហើយក៏បញ្ជូនដល់ចក្ខុវិញ្ញាណភ្លាម (កត់សំគាល់ថា ភ្នែកជាផ្នែកនៃរូបកាយ តែចក្ខុវិញ្ញាណជាផ្នែកនៃចិត្ដវិញ) › អារម្មណ៍ឃើញថាស្អាត, (សកម្មភាពនេះអាចចប់ត្រឹមនេះ បើប្រុសនេះឥតបំណង ឬឥតឃើញប្រតិកម្ម ពីស្ដ្រីទេនោះ តែបើស្រីញញឹម ឱ្យសញ្ញា ដែលបង្កើនអារម្មណ៍បុរសនោះ អារម្មណ៍ក៏ចូលក្នុងដំណាក់ការ មួយទៀតគឺរំជើបរំជួល ដែលជាសញ្ញាចាប់ផ្ដើម នៃសេចក្ដីកំផិត ដែលព្រះយេស៊ូវមានបន្ទូល ក្នុងគម្ពីរម៉ាថាយ ៥៖២៧ ថា ‹‹២៨ ប៉ុន្តែខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​អ្នក​ណា ​ដែល​គ្រាន់​តែ​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​ដំរេក ​សំរើប​ចង់​បាន នោះ​ឈ្មោះ​ថាបាន​ប្រព្រឹត្ត​សេចក្តី​កំផិត​នឹង​នាង​នោះ នៅ​ក្នុង​ចិត្ត​ខ្លួន​ហើយ›› គឺព្រះអង្គសព្វព្រះទ័យ ឱ្យមនុស្សបញ្ឈប់អារម្មណ៍កំផិតនេះ នៅត្រឹមនេះ។ ចំណុចត្រង់នេះជាព្រំដែន បើគ្រាន់តែឃើញស្រ្ដីស្អាត នៅមិនទាន់មានបញ្ហាទេ គឺមានន័យថា ភ្នែកអ្នកនៅល្អទេ ព្រោះព្រះទ្រង់បង្កើត មនុស្សស្រីមកស្អាតមែន តែបើបណ្ដោយអារម្មណ៍ ឱ្យចូលទៅដំណាក់ការមួយទៀត បុរសជាច្រើន ច្រើនតែបណ្ដោយអារម្មណ៍ ឱ្យលលេង លែបខាយ ដើម្បីកំសាន្ដ អារម្មណ៍ ដែលជារឿងគ្រោះថ្នាក់បំផុត។ នៅក្នុងដំណាក់ការទី២នេះ គឺគំនិតបានចូលឱ្យយោបល់ជំទាស់  មួយរំពេច ថាខុសសីលធម៌ មិនត្រូវក្បត់ ឬធ្វើបាបប្រពន្ធទេ ខុសនឹងព្រះ ប្រព្រឹត្ដបាប នេះជាដំណាក់ការ ប្រទាញប្រទុង ឬជាសង្គ្រាមក៏ថាបាន យោលទៅតាមស្ថានការជំលោះរវាង អារម្មណ៍នឹងគំនិតយោបល់ ចំណែកឯជ័យជំនះ ក៏ពឹងផ្នែកទៅសេចក្ដីជំនឿផងដែរ (នៅពេលនេះព្រះវិញ្ញាណ ក៏នៅជាមួយដែរ តែមិនចូលជួយទេ លុះត្រាតែគំនឹត នៃសេចក្ដីជំនឿ ទូលទ្រង់ឱ្យជួយ) សេចក្ដីជំនឿនេះ ក៏ពឹងផ្អែកទៅលើចំណេះដឹងព្រះបន្ទូលដែរ ទើបអាចជួយជាកម្លាំង ដល់គំនិតបាន បើពុំនោះទេនឹងចាញ់ដៃរបស់អារម្មណ៍មិនខាន ព្រោះអារម្មណ៍ក៏ខ្លាំងណាស់ដែរ។ ប៉ុន្ដែមានគ្រិស្ទានខ្លះ ចេះព្រះបន្ទូលច្រើនមែន តែមិនបានយកមកតតាំង ឬមកអនុវត្ដន៍ ដូច្នេះហើយបានជាយើងឃើញមាន គ្រូគង្វាលអ្នកដឹកនាំមួយចំនួន បានធ្លាក់ ចុះចាញ់សេចក្ដីល្បួង របស់អារម្មណ៍ ដែលកើតឡើងដោយតណ្ហានៃសាច់ឈាម។ គំនិតជាផ្នែកធំមួយនៃចិត្ដ តែអារម្មណ៍វាក៏ផ្នែកមួយខ្លាំង នៃចិត្ដដែរ តែជាច្រើនដង វាធ្វើការបំរើសាច់ឈាម ដូច្នេះបានជាអារក្ស វាអាចចូល តាមរយៈអារម្មណ៍ជាអ្នកជិតស្និត ជាមួយសាច់ឈាមនេះឯង។ ក្នុងដំណាក់ការទី៣ គឺឆន្ទៈសំរេចប្រគល់ជ័យជំនះនេះ ឱ្យទៅអារម្មណ៍ ដូច្នេះចិត្ដក៏យល់ព្រម នឹងសេចក្ដីកំផិតនេះ  ហើយក៏ចាប់បញ្ជាអវយវៈ គឺរូបកាយទាំងមូល ឱ្យប្រព្រឹត្ដសេចក្ដីកំផិតនេះ។ ដោយសារចិត្ដ បានប្រព្រឹត្ដសេចក្ដីកំផិត ដូច្នេះព្រលឹងដែលបាន នៅជាប់ជាមួយនឹងចិត្ដនោះ ក៏ត្រូវជាប់ ក្នុងអំពើបាបនេះដែរ។ មនុស្សមួយចំនួនធំ ធ្វើអ្វីៗទៅតាម តែអារម្មណ៍របស់ខ្លួន ព្រោះខ្វះគំនិត ប្រាជ្ញា ចំណេះដឹងនេះឯង។ 

ផលវិបាក គឺលិទ្ធផលដែលត្រូវទទួល បានពីសេចក្ដីកំផិតនេះគឺ គ្រួសារត្រូវរងទុក្ខ វេទនា ទាស់ទែងគ្នា ខ្លួនអ្នកប្រព្រឹត្ដ ក៏ឥតបានសុខ សប្បាយប៉ុន្មានដែរ គឺសតិសម្បជញ្ញៈ ជេរស្ដីឥតឈប់ឈរ ដូច្នេះហើយ បានជាមនុស្ស ភាគច្រើនត្រូវបានភ្ញាក់ខ្លួន ដោយបង់ខាតជាច្រើន ទាំងពេលវេលា ទាំងទ្រព្យសម្បត្ដិ ទាំងចិត្ដ....ម្យ៉ាងទៀត ព្រលឹងផិតក្បត់ ក៏មិនត្រូវអនុញ្ញាតិ ឱ្យគ្រង មរតកស្ថានសួគ៍ដែរ បើយោលទៅតាមបទគម្ពីរ។ 

បងប្អូនអត្ថបទនេះពិបាកយល់បន្ដិច តែជាវាជំនួយឱ្យយល់ខ្លះៗ អំពីប្រព័ន្ធនៃចិត្ដមនុស្ស តែចិត្ដនេះក៏នៅមានច្រើន ទៅទៀតណាស់ ដូចជា ចិត្ដធំ ចិត្ដល្អ ចិត្ដអាក្រក់ ចិត្ដរឹងមានៈ ជាប់ចិត្ដ តាំងចិត្ដ ប្ដេជ្ញាចិត្ដ...... ។ល។ 

ចូរតាំងចិត្ដ ប្ដេជ្ញាស្ដាប់បង្គាប់ព្រះ ឱ្យបានខ្ជាប់ខ្ជួន។ 

 

សូមព្រះទ្រង់ប្រទានពរ

 

ដោយក្រុមជំនុំសហគមន៍ខ្មែរ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Sunday:
Sunday School: 9:30 - 10:30 a.m.
Worship Service: 10:45 - 12:00 a.m.

Home Bible Study:
Friday Evening: 7:00 - 8:00 p.m.
We take turns hosting Friday night's bible study. Please call Pastor Meng for location.

We have 17 guests and no members online